ភ្លាមៗបន្ទាប់ពីតុលាការកំពូលប្រកាសសាលដីកា រំលាយគណបក្សសង្គ្រោះជាតិ និងការផ្អាកសកម្មភាពនយោបាយ៥ឆ្នាំចំពោះថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ គឺមានសុពលភាពអនុវត្តភ្លាមតែម្ដង។ នេះមានន័យថា សកម្មភាពទាំងប៉ុន្មានរបស់គណបក្សសង្គ្រោះជាតិរាប់ចាប់តាំងពីថ្នាក់ខេត្តដល់ថ្នាក់លើត្រូវបានបញ្ចប់ទាំងស្រុងហើយ។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។


លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា សុពលភាពនៃសាលដីការំលាយគណបក្សសង្គ្រោះជាតិបានផ្ដល់ឱកាសឲ្យអាជ្ញាធរចុះទៅទម្លាក់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេសបានដោយស្របច្បាប់, រំលាយរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់គណបក្សសង្គ្រោះជាតិ និងការចុះទៅដកហូតសិទ្ធិបំពេញការងាររបស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិដែលមានចំនួនជិត៥ពាន់នាក់។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី១៧វិច្ឆិកានេះដែរថា ក្រសួងមហាផ្ទៃ នឹងចេញប្រកាសដើម្បីលុបឈ្មោះគណបក្សចេញពីបញ្ជីក្រសួងមហាផ្ទៃ នឹងត្រៀមផ្សព្វផ្សាយបន្តទៅកាន់ភាគីពាក់ព័ន្ធដើម្បីបញ្ជាក់ពីភាពអស់សិទ្ធិធ្វើនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
ជាការកត់សម្គាល់ មួយថ្ងៃក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូរចារ គណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបងបានចាកចេញពីតួនាទីជាចៅសង្កាត់អូរចា បន្ទាប់ពីអាជ្ញាធរក្រុងបាត់ដំបងចុះទៅដកយកត្រាសង្កាត់។ តាមរយៈវិដេអូឃ្លីបក្នុងទំព័រហ្វេសបុក កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត បានហៅសកម្មភាពនេះថា ធ្វើឡើងខុសនីតិវិធីរដ្ឋបាលព្រោះការចុះដកត្រារបស់អាជ្ញាធរមិនទាន់មានសាលដីកាស្ថាពរពីតុលាការ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅអំឡុងពេលជជែកគ្នានោះពីខាងអាជ្ញាធរ បានឆ្លើយតបថា ខ្លួនអនុវត្តទៅតាមវិធីរបស់តុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។
គួររម្លឹកថា ទោះបីជាតុលាការកំពូលបានសម្រេចជាស្ថាពរក្នុងការរំលាយគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏សមាជិកគណបក្សនេះ ប្រកាសមិនទទួលស្គាល់ហើយប្រកាសបន្តដឹកនាំគណបក្សនេះដដែល ប៉ុន្តែអ្នកនំាពាក្យក្រសួងយុត្តិធម៌បានអះអាងថាការបន្តគ្រប់គ្រងបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌផ្អែកតាមមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវពិន័យជាប្រាក់ពី១០លានរៀលទៅ ២០លាន រៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ៕
ប្រភព៖RFI