សេអ៊ូល៖ មានការភ័យរន្ធត់ជាខ្លាំង ដែលក្រុមគ្រួសារមួយរស់នៅប្រទេសកូរ៉េ ស្រាប់តែរងការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់ “ខ្មោច Zombie” ដែលគ្រប់គ្នាធ្លាប់តែបានឃើញក្នុងខ្សែភាពយន្តបរទេសល្បីៗ ក៏ដូចជាខ្សែភាពយន្តរឿង “Train to Busan” ចាក់ផ្សាយនាឆ្នាំកន្លងទៅ។ នេះបើយោងតាមវេបសាយសារព័ត៌មានដ៏ល្បីមួយនៅកូរ៉េ ចុះផ្សាយនាថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៣ ទាបភ្លឺ នៅគេហដ្ឋានមួយកន្លែង ស្ថិតនៅក្នុងទីក្រុងសេអ៊ូល។
នៅពេលនោះព្រោះតែរំខានដោយសម្លេងក្តូងក្តាំងដេកមិនលក់ បុរសរងគ្រោះ បានក្រោកទៅមើលស្ថានភាពក្នុងផ្ទះ ក្រែងលមានអ្វីមិនស្រួលកំពុងកើតឡើង។ ពេលនោះស្រាប់តែលេចចេញបុរសជនជាតិវៀតណាមម្នាក់ មិនដឹងមកពីណា ស្រាប់តែទម្លាយចូលទ្វារបង្អួចផ្ទះរបស់បុរសរងគ្រោះ ក្នុងស្ថានភាពរូបរាងស្រដៀងទៅនឹងខ្មោច Zombie ដោយឃើញមានឈាមក្រហមហូរស្រោចពាសពេញក្បាល មើលទៅគួរឲ្យខ្លាច។ បុរសដូច Zombie នោះ បានស្ទុះមកបើកការវាយប្រហារលើគាត់ ធ្វើសកម្មភាពដូច Zombie ពិតៗ រហូតដល់ថ្នាក់ ខាំដាច់បំណែកសាច់បំពង់ករបស់បុរសរងគ្រោះដាច់រហែកចេញពី ក តែម្តង។


គួរឲ្យដឹងថា កូនស្រីរបស់បុរសរងគ្រោះ ក៏ជាជនរងគ្រោះម្នាក់ផងដែរ ព្រោះនាងត្រូវជនល្មើសខាំ បណ្តាលឲ្យជើងម្ខាងរបស់នាង រងរបួសដាច់សាច់។

សំណាងដែរ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ក្នុងគ្រួសារងគ្រោះ មានឱកាសរត់យករួចខ្លួន ហើយក៏បានប្តឹងមន្ត្រីប៉ូលិសប្រចាំតំបន់ ដើម្បីជួយធ្វើអន្តរាគមន៍។ ក្រុមប៉ូលិសបានកំណត់អត្តសញ្ញាណបុរសម្នាក់នោះបាន ថាជាអ្នកដំណើរមកពីវៀតណាម និងសង្ស័យសេពសារធាតុញៀនម្យ៉ាងហៅកាត់ថា “MDPV” មានរហ័សនាម “Zombie Drug” ឬថ្នាំញៀន Zombie ដែលប្រទេសមួយចំនួនលើសកលលោក បានហាមប្រាមមិនឲ្យធ្វើចរាចរដាក់លក់លើទីផ្សារនោះទេ។


គួរឲ្យដឹងថា ថ្នាំប្រភេទនេះ អាចបង្កឲ្យជនទាំងឡាយណាដែលទទួលទានវា មានស្មារតីមិននឹងន ឬឡប់សតិ មានភាពរវើរវាយ ក៏ដូចជាចរិតហិង្សានឹកស្មានមិនដល់។
បុរសជនជាតិវៀតណាម ជាជនបង្ក បានឲ្យដឹងថា ខ្លួនប្រព្រឹត្តបែបនេះ គឺដោយសារមានគេបង្គាប់ឲ្យធ្វើយ៉ាងអុីចឹង ហើយថែមទាំងទទួលបានបុណ្យទៀតផង ដើម្បីយកមករំលោះនូវអំពើបាបទាំងឡាយដែលខ្លួនបានសាងពីមុនមក។
សូមបញ្ជាក់ផងដែរថា វាមិនមែនជាលើកទីមួយទេ ដែលមានករណីបែបនេះ ពោលគឺជនបង្កដដែលនេះ បានបង្កើតឲ្យមានភាពចលាចលបីដងរួចមកហើយ ហើយក្រុមប៉ូលិសកំពុងរួសរាន់ ធ្វើយ៉ាងណាកុំឲ្យករណីដដែលនេះ កើតឡើង បង្កភាពភ័យខ្លាចដល់ពលរដ្ឋរបស់ខ្លួនសាជាថ្មី៕
Tags:
ប្លែកៗ