អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរនាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចារកម្ម

នា​រសៀលនេះ​ អតីត​អ្នក​សារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ពីរនាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ជាប់​សង្ស័យ​ពីបទ​ចារកម្ម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅ​ឯមណ្ឌល​អប់រំ​កែប្រែទី១​ នៅ​ព្រៃសរ។​ លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​តាំង​ពីយប់​ថ្ងៃអង្គា​រ​ ដោយ​សង្ស័យ​ថា​បាន​រាយការណ៍​ព័ត៌មាន​ទៅ​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។​
អ្នក​ទាំងពីរ​បាន​បម្រើ​ការងារ​ជាមួយ​វិទ្យុអាស៊ីសេរី​ រហូត​ដល់​វិទ្យុ​មួយនេះ​បិទ​ការិយាល័យ​នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយ​លើក​ឡើង​ថា​អាជ្ញាធរ​បាន​រឹតត្បិត​ និង​បាន​បិទ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​នៅតាម​ស្ថានីយ៍វិទ្យុ​ផ្សេងៗ​។
លោក ​យាង​ សុធារិន​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវ​បាន​ចោទ​ប្រកាន់​ផ្អែកតាមមាត្រា​៤៤៥​នៃក្រម​ព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​ចែង​អំពី​ការ​ប្រគល់​ឱ្យរដ្ឋបរទេស​នូវ​ព័ត៌មាន​ ជាអាទិ៍​ ដែល​អាច​ធ្វើឱ្យ​ "អន្តរាយ​ដល់​ការការពារ​ជាតិ"។​ បទ​ចោទនេះ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៧ឆ្នាំ​ ទៅ​ ​១៥ឆ្នាំ។​
ប្រភព៖licado

Post a Comment

Previous Post Next Post