តារាសម្ដែងជើងចាស់ហុងកុង Simon Yam ប្រើប្រាស់រថយន្តមានតម្លៃខ្ពស់កប់ពពក ដែលធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងមិនហ៊ានទទួលធានាលើរថយន្តរបស់លោក។
កាលពីថ្ងៃទី ១ ខែមេសា បណ្ដាញព័ត៌មាន HK01 បានរាយការណ៍អំពីកំពូលរថយន្ត Rolls Royce ទាំង២គ្រឿងរបស់តារាសម្ដែងចាស់វស្សាហុងកុង Simon Yam។ ប្រភពខាងលើបានឲ្យដឹងថា ឡានទាំង២តាមការពិតទៅគឺជាឡានដែលផលិតឡើងសម្រាប់រាជវង្សអង់គ្លេស ដោយនៅក្នុងចំណោមឡាន២នេះ មានមួយគ្រឿងតម្លៃឡើងដល់ ២លានដុល្លារ។
Interior ខាងក្នុងឡានគឺត្រូវបានធ្វើឡើងពីស្បែកសុទ្ធ ហើយតម្លៃថែទាំក្នុងមួយឆ្នាំសម្រាប់ឡានមួយគ្រឿង គឺអស់ ១៣ម៉ឺនដុល្លារ។ ឡានពីរពណ៌ ស ខ្មៅនេះ ក៏ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីផ្សេងគ្នាដូចគ្នាដែរ ដោយសារតែឡានពណ៌ខ្មៅមើលទៅមានអំណាចជាង ដូចនេះហើយ តារាវ័យ ៦៦ឆ្នាំតែងប្រើដើម្បីចូលក្នុងកម្មវិធីរកស៊ីធំដុំ រីឯពណ៌សវិញ តែងត្រូវប្រើដើម្បីចូលរួមក្នុងកម្មវិធីសិល្បៈជាចម្បង។
ព្រោះតែតម្លៃឡានទាំង២នេះថ្លៃខ្លាំងពេក គ្មានក្រុមហ៊ុនធានារ៉ាប់រងណាទាំងនៅចិនដីគោក និងហុងកុងព្រមទទួលធានាឡាននេះទាំងអស់ ដែលធ្វើឲ្យម្ចាស់ឡានមានការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់។